នាថ្ងៃព្រហស្បតិ៍ ១០ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣, វេលាម៉ោង ៩:០០នាទីព្រឹក, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), ដឹកនាំដោយឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. និងតំណាងឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការ នៃ កសហវ. និងជាប្រធានក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំ អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និង មន្ត្រីជំនាញ នៃ អ.គ.ហ. បានរៀបចំកិច្ចប្រជុំ តាមរយៈប្រព័ន្ធវីឌីអូអនឡាញ ដើម្បីពិនិត្យ និងពិភាក្សាអំពីមតិយោបល់បន្ថែមលើសេចក្តីព្រាង “អនុក្រឹត្យស្ដីពីគោលការណ៍ និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ”។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម ចាន់ សុធា អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ, និងតំណាងអង្គភាពក្រោមឱវាទ កសហវ. រួមមាន អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានទ្រព្យសម្បត្ដិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ, និងអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ។